48. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ
49. មើលឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចំរើន ឥតដែលចំរើនកំឡាំងដៃនៃពួកក្រីក្រ និងមនុស្សកំសត់ទុគ៌តឡើយ
50. គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51. ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចំរើនអំពើគួរស្អប់ខ្ពើមរបស់ឯង ជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ
52. ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53. អញនឹងនាំពួកគេ ដែលនៅជាឈ្លើយ ឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង
54. ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ
55. ឯប្អូនស្រីឯង គឺសូដុំម និងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី និងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង និងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ
56. ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ
57. គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់ឯង មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី និងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់ឯងនៅព័ទ្ធជុំវិញ
58. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងត្រូវទទួលរងសេចក្ដីខ្មាស និងអំពើគួរស្អប់ខ្ពើមរបស់ឯងហើយ
59. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងប្រព្រឹត្តនឹងឯង ដូចជាឯងបានប្រព្រឹត្តនោះ គឺដែលឯងបានមើលងាយដល់ពាក្យសម្បថដោយផ្តាច់សេចក្ដីសញ្ញាចេញ។
60. ប៉ុន្តែ អញនឹងនឹកចាំ ពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯង ក្នុងកាលដែលឯងនៅក្មេងនោះ ហើយអញនឹងតាំងសញ្ញា១នឹងឯង ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត
61. នោះឯងនឹងនឹកឃើញពីផ្លូវរបស់ឯង ហើយនឹងមានសេចក្ដីខ្មាស ក្នុងកាលដែលឯងទទួលបងប្អូនស្រីឯង គឺបងបង្អស់របស់ឯង និងប្អូនឯងផង គ្រានោះអញនឹងឲ្យបងប្អូននោះដល់ឯង ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់ឯងទេ
62. អញនឹងតាំងសេចក្ដីសញ្ញារបស់អញដល់ឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
63. ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។