42. គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
43. អញនឹងទំលាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44. មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិតគេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ
45. ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី និងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី និងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី
46. បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះ និងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម និងកូនស្រីរបស់គេ
47. ប៉ុន្តែឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ
48. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ
49. មើលឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចំរើន ឥតដែលចំរើនកំឡាំងដៃនៃពួកក្រីក្រ និងមនុស្សកំសត់ទុគ៌តឡើយ
50. គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51. ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចំរើនអំពើគួរស្អប់ខ្ពើមរបស់ឯង ជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ
52. ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53. អញនឹងនាំពួកគេ ដែលនៅជាឈ្លើយ ឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង