21. បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22. ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង
24. នោះឯងបានសង់ផ្ទះបនសំរាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សំរាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត
25. ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចំរើនការកំផិតរបស់ឯងជាច្រើនឡើង
26. ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចំរើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង
27. ដូច្នេះមើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
28. ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
29. ដូច្នេះ ឯងបានចំរើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែឯងនៅតែមិនទាន់ឆ្អែតទៀត។
30. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចិត្តឯងទន់អីម៉្លេះ ដែលឯងបានប្រព្រឹត្តអំពើទាំងនេះ ជាការរបស់ស្រីសំផឹងដ៏ឈ្នះឈ្នាន
31. ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ និងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ
32. យីះ ឯងជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្ដីហើយ
33. គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី
34. ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។
35. ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
36. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង និងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា
37. នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
38. នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ
39. អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសំលៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ