17. ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាស និងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ
18. ឯងបានយកសំលៀកបំពាក់ប៉ាក់របស់ឯង ទៅតែងឲ្យវា ព្រមទាំងតាំងប្រេង និងកំញានរបស់អញនៅមុខវា
19. ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលអញឲ្យសំរាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សំរាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
20. មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះ តើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ
21. បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22. ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង
24. នោះឯងបានសង់ផ្ទះបនសំរាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សំរាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត
25. ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចំរើនការកំផិតរបស់ឯងជាច្រើនឡើង
26. ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចំរើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង
27. ដូច្នេះមើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
28. ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
29. ដូច្នេះ ឯងបានចំរើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែឯងនៅតែមិនទាន់ឆ្អែតទៀត។