9. បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា អញនេះហើយ ដែលបានបញ្ឆោតគេ ហើយអញនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជារាស្ត្រអញទៅផង
10. គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិត របស់អ្នកដែលរកគេដែរ
11. ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីអញ ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជារាស្ត្រអញវិញ ហើយឲ្យអញបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
12. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
13. កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះផង
14. នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
15. បើកាលណាអញឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសំឡាប់មនុស្សទៅ ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះឯង
16. នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
17. ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្សនឹងសត្វចេញពីនោះផង
18. នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ
19. ឬបើសិនជាអញនឹងចាត់ប្រើអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់អញចេញទៅលើស្រុកនោះ ដោយកំចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង
20. នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។
21. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញចាត់ប្រើសេចក្ដីវេទនាទាំង៤យ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់អត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
22. ប៉ុន្តែមើល នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល គេនឹងចេញមកឯឯងរាល់គ្នា នោះឯងនឹងឃើញផ្លូវ និងអំពើរបស់គេ រួចឯងនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលអញបានទំលាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលអញបាននាំទៅលើក្រុងនោះ
23. គេនឹងកំសាន្តចិត្តឯងរាល់គ្នា ដោយឯងឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយឯងរាល់គ្នានឹងដឹងថា ការដែលអញបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។