3. កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរអញឬអី
4. ចូរឯងប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះអញនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ
5. ដើម្បីឲ្យអញបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីអញ ដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
6. ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ
7. ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីអញ ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូច្នេះ រួចនឹងមករកហោរា ដើម្បីសួរអញពីដំណើរខ្លួន នោះអញនេះ គឺព្រះយេហូវ៉ា អញនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនអញ
8. ហើយអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសំគាល់ និងជាពាក្យទំនៀម អញក៏នឹងកាត់អ្នកនោះចេញពីកណ្តាលរាស្ត្រអញទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
9. បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា អញនេះហើយ ដែលបានបញ្ឆោតគេ ហើយអញនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជារាស្ត្រអញទៅផង
10. គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិត របស់អ្នកដែលរកគេដែរ
11. ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីអញ ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជារាស្ត្រអញវិញ ហើយឲ្យអញបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
12. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
13. កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះផង
14. នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
15. បើកាលណាអញឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសំឡាប់មនុស្សទៅ ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះឯង
16. នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
17. ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្សនឹងសត្វចេញពីនោះផង