អេសេគាល 13:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ធ្លាប់​ទាយ ហើយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ​ចុះ ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ហោរា​ល្ងី‌ល្ងើ ដែល​ទាយ​តាម​តែ​ចិត្ត​របស់​ខ្លួន ឥត​មាន​ឃើញ​អ្វី​ឡើយ

4. ឱ​ពួក​អ៊ីស្រា‌អែល​អើយ ពួក​ហោរា​របស់​ឯង​បាន​ធ្វើ​ដូច​ជា​ឆ្កែ​ចចក នៅ​ទី​ចោល​ស្ងាត់

5. ឯង​រាល់​គ្នា​មិន​បាន​ឡើង​ទៅ​ឯ​ចន្លោះ​ដែល​គេ​បំបាក់​ទំលាយ​កំផែង​ទេ ក៏​មិន​បាន​សង់​កំផែង​ឡើង​ការ‌ពារ​ពួក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​អាច​ឈរ​នៅ​ក្នុង​គ្រា​ចំបាំង នៅ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ានោះ​ដែរ

6. គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សំរេច​ជា​ពិត

7. ការ​ដែល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​អញ​មិន​បាន​ពោល​សោះ នោះ​តើ​មិន​មែន​ជា​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​នឹង​ទាយ​កុហក​ទេ​ឬ​អី។

8. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ឯង​រាល់​គ្នា​ហើយ

9. ដៃ​អញ​ក៏​ទាស់​នឹង​ពួក​ហោរា ដែល​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​ដែល​ទាយ​សេចក្ដី​កុហក​នោះ គេ​នឹង​មិន​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​រាស្ត្រ​អញ​ឡើយ ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីនៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឬ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត

10. ពី​ព្រោះ គឺ​ពី​ព្រោះ​តែ​គេ​បាន​លួង‌លោម​បញ្ឆោត​រាស្ត្រ​អញ ដោយ​ចេញ​ពាក្យ​ថា «សន្តិ‌សុខ» តែ​គ្មាន​សេចក្ដី​សន្តិ‌សុខ​សោះ​ប៉ុណ្ណោះ​ឯង រាស្ត្រ​អញ​ធ្វើ​កំផែង​ឡើង តែ​ចំណែក​គេៗ​បូក​ដោយ​ល្បាប់​វិញ

អេសេគាល 13