9. កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ
10. ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
11. ចូរប្រាប់ថា ខ្ញុំជាទីសំគាល់ដល់អ្នករាល់គ្នាឯងការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង
12. គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទំលុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ
13. អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែលោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
14. អញនឹងកំចាត់កំចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ
15. ដូច្នេះ កាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកំចាត់កំចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16. ប៉ុន្តែអញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17. ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
18. កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ
19. រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ
20. អស់ទាំងទីក្រុងដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
21. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
22. កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលឯងរាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងការជាក់ស្តែងក៏ខានមាន