16. ហេតុនោះត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
17. ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញរួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែល ឲ្យដល់ឯងរាល់គ្នា
18. នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ
19. រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ
20. ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
21. តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទំលាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
22. នោះពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ
23. សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្តាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង
24. នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ
25. រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។