1. លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្ស២៥នាក់ ហើយនៅកណ្តាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំង២នាក់ជាចៅហ្វាយលើបណ្តាជន
2. នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ គឺមនុស្សទាំងនេះឯងដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ
3. គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់
4. ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងគេ ចូរទាយចុះ។
5. នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើខ្ញុំ ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាបាននិយាយយ៉ាងដូច្នោះ អញស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់ឯងរាល់គ្នាហើយ
6. ឯងរាល់គ្នាបានសំឡាប់មនុស្ស នៅក្នុងទីក្រុងនេះ កាន់តែច្រើនឡើងក៏បានសំឡាប់គេឲ្យពេញគ្រប់ទាំងផ្លូវហើយ
7. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលឯងរាល់គ្នាបានសំឡាប់ផ្តេកនៅកណ្តាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកឯងរាល់គ្នា អញនឹងនាំចេញទៅក្រៅ
8. ឯងរាល់គ្នាបានខ្លាចដាវ ដូច្នេះ អញនឹងនាំដាវមកលើឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9. អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង
10. ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
11. ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ
12. នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសំរេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ