12. គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ
13. ឯភាពនៃតួមានជីវិតទាំងនោះ គឺមើលទៅដូចជារងើកភ្លើង ហើយក៏ដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្តាលតួមានជីវិតទាំងនោះ ឯភ្លើងនោះក៏ភ្លឺចាំង ហើយមានផ្លេកបន្ទោរចេញពីភ្លើងនោះមក
14. តួមានជីវិតទាំងនោះ ក៏ហោះទៅមកមើលទៅដូចជាផ្លេកបន្ទោរ។
15. កាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះ ខ្ញុំក៏ឃើញកង់១ នៅលើដីក្បែរតួមានជីវិតទាំងនោះ សំរាប់មុខនីមួយៗគ្រប់ទាំង៤
16. ភាពនឹងបែបផែននៃកង់ទាំងនោះ ក៏មើលទៅដូចជាត្បូងបេរីល កង់ទាំង៤មានរាងដូចគ្នា ឯភាព និងសណ្ឋានវា ក៏មើលទៅដូចជាកង់១នៅក្នុងកង់១ទៀត
17. កាលណាវាទៅ នោះក៏ទៅទាំង៤មុខឥតបែរទៅខាងណាឡើយ
18. ឯខ្នងកង់នោះ ខ្ពស់គួរស្ញែងខ្លាច ហើយខ្នងកង់ទាំង៤នោះ មានភ្នែកនៅពេញជុំវិញ
19. កាលណាតួមានជីវិតទាំង៤បានហោះទៅ នោះកង់ទាំងនោះក៏អមទៅដែរ កាលណាតួមានជីវិតទាំង៤បានលើកឡើងផុតពីដីទៅ នោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នា
20. នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ គឺវិញ្ញាណរបស់វាក៏ទៅកន្លែងដដែល កង់ទាំងនោះបានលើកឡើងអមទៅ ពីព្រោះវិញ្ញាណរបស់តួមានជីវិត ក៏នៅក្នុងកង់ដែរ
21. កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយ ក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិត បាននៅជាប់ក្នុងកង់ដែរ។
22. នៅពីលើក្បាលនៃតួមានជីវិត នោះមានដូចជាផ្ទៃមេឃ ដែលមើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ