1. ប៉ុន្តែសេចក្ដីឈ្លប់សូន្យសុង នឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើមទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ
2. ឯបណ្តាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ
3. ទ្រង់បានប្រោសឲ្យបណ្តាជនចំរើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយជាច្រើនឡើងដែរ គេមានសេចក្ដីអំណរនៅចំពោះទ្រង់ ដូចជាសេចក្ដីអំណរ ក្នុងរដូវចំរូត ហើយដូចជាសេចក្ដីអំណរនៃមនុស្សដែលកំពុងតែចែករបឹបគ្នា
4. ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ
5. ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហានក្នុងចំបាំងយ៉ាងអ៊ឹកធឹក ហើយសំលៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងបានសំរាប់ដុត ហើយជាចំណីដល់ភ្លើង
6. ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព
7. ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ។
8. ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមក ក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល