អេសាយ 8:6-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន ហើយ​នឹង​កូន​របស់​រេម៉ាលា​វិញ

7. នោះ​មើល ព្រះ‌អម្ចាស់​ទ្រង់​នាំ​ទឹក​ទន្លេ​ដែល​ហូរ​ខ្លាំង ហើយ​ច្រើន​មក​លើ​គេ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ឫទ្ធា‌នុភាព​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ទន្លេ​នោះ​នឹង​ហូរ​ចេញ​តាម​គ្រប់​ទាំង​ព្រែក ហើយ​លិច​ច្រាំង​ទាំង​អស់

8. ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​ឯង ឱ​អេម៉ា‌ញូ‌អែល​អើយ។

9. ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ

10. ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សំរេច​របស់​ឯង​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សំដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ខាង​យើង​ហើយ។

11. ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន‌ជាតិ​នេះ ដោយ​ថា

12. កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន‌ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ

13. ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ

14. នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

15. មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង។

16. ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ

17. ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់

អេសាយ 8