1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរយកក្តារឈ្នួន១ធំ ហើយសរសេរជាអក្សររបស់មនុស្សថា ការរឹបជាន់ជិតណាស់ហើយ គេរូតរះមកចាប់រំពា
2. ហើយអញនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក
3. រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
4. ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា
6. ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនឹងកូនរបស់រេម៉ាលាវិញ
7. នោះមើល ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ និងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់
8. ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់ឯង ឱអេម៉ាញូអែលអើយ។
9. ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ
10. ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។