1. រីឯនៅក្នុងរាជ្យស្តេចអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល គេលើកទ័ពឡើង ទៅច្បាំងនឹងក្រុងយេរូសាឡិម តែឈ្នះយកមិនបានទេ
2. គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ស្តេចទ្រង់មានព្រះទ័យចំប្រប់ ព្រមទាំងចិត្តរបស់ពួករាស្ត្រទ្រង់ផង ប្រៀបដូចជាដើមឈើនៅព្រៃដែលត្រូវខ្យល់បក់។
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអេសាយថា ចូរឯងនឹងស្អា-យ៉ាស៊ូប ជាកូនឯង ចេញទៅជួបនឹងអេហាសត្រង់ចុងប្រឡាយបង្ហូរទឹកមកដល់ស្រះខាងលើ តាមផ្លូវទៅឯទីវាលជាងប្រមោក
4. ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំង២ដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ
5. ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសំរេចនឹងធ្វើអាក្រក់ដល់ឯង ដោយពាក្យថា
6. ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា យើងនឹងធ្វើឲ្យគេមានសេចក្ដីវេទនា ព្រមទាំងទំលាយឲ្យមានផ្លូវចូលបាន រួចយើងនឹងតាំងស្តេច១ឡើងនៅក្នុងស្រុកគេ គឺជាកូនរបស់តាបបៀល
7. ឯព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ
8. ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ ក្នុងរវាង៦៥ឆ្នាំ នោះពួកអេប្រាអិមនឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត
9. ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអេហាសថា
11. ចូរឯងសូមទីសំគាល់១ពីព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ចូរសូម ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី