10. នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ
11. តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា
12. អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅ ឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅនោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
13. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ មើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើលពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស
14. មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ
15. ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់
16. បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។
17. ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ
18. ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ
19. នោះអញនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងសេចក្ដីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសំរែកទៀតឡើយ
20. ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុតទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ
21. គ្រានោះមនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ
22. គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ
23. គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង