10. តែគេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ
11. ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា
12. គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
13. ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន
14. ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សំរាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលទ្រង់បាននាំរាស្ត្រទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះនាមទ្រង់បានរុងរឿងឧត្តម។
15. សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ និងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ
16. ពីព្រោះទ្រង់ជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ គង់តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ
17. ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់
18. រាស្ត្របរិសុទ្ធរបស់ទ្រង់បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ គេបានជាន់ឈ្លីទីបរិសុទ្ធនៃទ្រង់
19. យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលទ្រង់មិនបានគ្រប់គ្រងឡើយ គឺដូចជាពួកអ្នក ដែលមិនបានហៅតាមព្រះនាមទ្រង់វិញ។