3. អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង
4. ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ
5. នោះឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង
6. ឯងនឹងមានពេញដោយសត្វអូដ្ឋយ៉ាងសន្ធឹក គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន និងពួកអេផា ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ ព្រមទាំងដឹកយកមាស និងកំញានមក ហើយនឹងប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ព្រះយេហូវ៉ា
7. អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ
8. តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ
9. ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។
10. ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ