5. នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
6. ខណៈនោះ សេរភីម១បានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប
7. ក៏ឲ្យប៉ះនឹងមាត់ខ្ញុំ ដោយពោលថា នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ ឯសេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង។
8. រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ
9. រួចទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ
10. ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮ ដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា
11. នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានព្រះបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ
12. ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក
13. នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។