2. គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ
3. ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្ដីទុច្ចរិត
4. គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត
5. គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក
6. មងរបស់គេនឹងប្រើធ្វើជាសំលៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួន ដោយការដែលគេធ្វើក៏មិនបានដែរ ការរបស់គេសុទ្ធតែជាអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ
7. ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ
8. គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាន នៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។
9. ហេតុនោះបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ឯសេចក្ដីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់ផង យើងខ្ញុំរង់ចាំពន្លឺ តែមើល មានសុទ្ធតែងងឹតទទេ ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្ដីសូន្យសុងវិញ
10. យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ
11. យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ
12. ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចំរើនជាច្រើនឡើងនៅចំពោះទ្រង់ ឯចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ ពីព្រោះអំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ឯអំពើទុច្ចរិតរបស់យើងខ្ញុំ នោះយើងខ្ញុំក៏ស្គាល់ទាំងអស់ហើយ
13. គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
14. ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន