1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់អញ ក៏រៀបនឹងសំដែងឲ្យឃើញដែរ
2. មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ
3. ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ
4. ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា
5. អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
6. ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ
7. នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍
8. ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។
9. នែ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ
10. ពួកយាមល្បាតរបស់គេ សុទ្ធតែខ្វាក់ភ្នែក គេគ្មានដំរិះគ្រប់គ្នា គេសុទ្ធតែជាឆ្កែគ ព្រុសមិនកើត គេតែងតែស្រមៃឃើញ គេចេះតែដេក ហើយចូលចិត្តតែលក់ទៅ
11. អើ គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកំរៃរបស់ខ្លួនគេទាំងអស់គ្នា