អេសាយ 54:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ស្ត្រី​អារ ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សំរាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​បង់​ខ្លួន​នៅ​តែ​ឯង នោះ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត

2. ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំរ៉ឹង​ឲ្យ​មាំ​ឡើង​ចុះ

3. ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។

4. កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​ឯង​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ពី​ព្រោះ​ឯង​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ ឯង​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​ឯង​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​ឯង​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ

5. ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ‌នាម​ទ្រង់ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ​នៃ​លោកីយ៍​ទាំង​មូល

6. ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ឯង​ទុក​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ‌បង់​ចោល​ហើយ ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំឡោះ ដែល​ត្រូវ​បង់​ចោល​ហើយ

7. អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង

8. ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ។

9. ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​អញ ហើយ​ដែល​អញ​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន​ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​អញ​ក៏​ស្បថ​ថា អញ​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​ឯង ឬ​បន្ទោស​ឯង​ត​ទៅ​យ៉ាង​នោះ​ដែរ

10. ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ​សេចក្ដី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង។

អេសាយ 54