1. ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កំឡាំងរបស់ឯង ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងឯងទៀតឡើយ
2. ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីឯងចេញ ហើយក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកឯងចេញ។
3. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
4. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ
5. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6. ហេតុនោះរាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះគេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។
7. អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ