8. ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចុះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះផង ដរាបដល់អស់ទាំងដំណមនុស្សតទៅ។
9. ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
10. តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ
11. ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចំរៀង គេនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងសេចក្ដីអំណរ ឯសេចក្ដីទុក្ខព្រួយ និងដំងូរ នោះនឹងខ្ចាត់បាត់ទៅ។
12. អញ គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្តឯងរាល់គ្នា តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមកដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ
13. ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ដែលទ្រង់បានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់តែថ្ងៃឯងមានសេចក្ដីភ័យវិញ ដោយខ្លាចចំពោះសេចក្ដីក្រោធរបស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញឯងបង់ តែសេចក្ដីក្រោធរបស់គេនោះតើនៅឯណា
14. បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយនឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ
15. ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
16. អញបានដាក់ពាក្យពេចន៍របស់អញនៅក្នុងមាត់ឯង ហើយបានគ្របបាំងឯងដោយស្រមោលនៃដៃអញ ដើម្បីឲ្យអញបានរៀបចំផ្ទៃមេឃ ហើយដាក់ឫសផែនដី រួចនិយាយដល់ពួកក្រុងស៊ីយ៉ូនថា ឯងជារាស្ត្ររបស់អញ។
17. ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ
18. ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសំរាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ
19. សេចក្ដីទាំង២មុខនេះ បានធ្លាក់មកលើឯងហើយ គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លាញ តើអ្នកឯណានឹងសោកស្តាយនឹងឯង ក៏មានសេចក្ដីអំណត់ និងដាវផង ធ្វើដូចម្តេចឲ្យអញកំសាន្តចិត្តឯងបាន
20. ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។
21. ដូច្នេះ ឯងដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្តាប់សេចក្ដីនេះឥឡូវ
22. ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ
23. អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។