1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
2. ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
3. អញបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ទៅ ដោយសំពត់ធ្មៃផង។
4. ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ
5. ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ
6. ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ
7. ពីព្រោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះខ្ញុំបានកាត់ចិត្តឲ្យរឹងដូចថ្មដែកភ្លើងហើយ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
8. ព្រះដែលតាំងខ្ញុំជាសុចរិត ទ្រង់គង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលជាទំនាស់នឹងខ្ញុំ ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ
9. មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន មើល គេនឹងចាស់ទៅទាំងអស់គ្នា ដូចជាសំលៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
10. ក្នុងពួកឯងរាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបំរើទ្រង់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយផ្អែកទៅលើព្រះនៃខ្លួនចុះ