16. តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ
17. នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
18. វេទនាដល់ពួកអ្នក ដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ
19. ជាពួកអ្នកដែលថា ចូរឲ្យទ្រង់ប្រញាប់ឡើងឲ្យទ្រង់បង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។
20. វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថា ជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
21. វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច
22. វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
23. ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។
24. ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
25. ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
26. ទ្រង់នឹងលើកទង់ជ័យសំរាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់
27. ឥតមានអ្នកណាមួយអស់កំឡាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ