1. ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសំឡាញ់របស់ខ្ញុំ គឺជាបទចំរៀង ច្រៀងពីស្ងួនសំឡាញ់ខ្ញុំ ខាងឯចំការទំពាំងបាយជូររបស់ទ្រង់ថា-ស្ងួនសំឡាញ់ខ្ញុំ ទ្រង់មានចំការទំពាំងបាយជូរនៅលើភ្នំ ដែលមានជីជាតិ
2. ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរ យ៉ាងល្អបំផុត ក៏សង់ប៉ម១នៅជាកណ្តាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរនោះកើតផល តែបានកើតផលក្លាយជាទំពាំងបាយជូរព្រៃវិញ។
3. ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចំការទំពាំងបាយជូររបស់អញនេះចុះ
4. តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ
5. ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចំការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ អញនឹងរំលំកំផែងចេញ នោះចំការនឹងត្រូវជាន់ឈ្លីទៅ
6. អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយអញនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចំការនោះតទៅ
7. ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។
8. វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ
9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ
10. ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
11. វេទនាដល់ពួកអ្នក ដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ
12. ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។