11. អញនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនអញ គឺដោយយល់ដល់ខ្លួនអញហើយ ដ្បិតធ្វើដូចម្តេចឲ្យឈ្មោះអញត្រូវបង្អាប់បាន ឯសិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ។
12. ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលអញបានហៅអើយ ចូរស្តាប់អញចុះ គឺអញនេះហើយ អញជាដើម ហើយជាចុងដែរ
13. អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា
14. ចូរឲ្យឯងរាល់គ្នាប្រជុំទាំងអស់ ហើយស្តាប់ចុះ ក្នុងពួកគេតើមានអ្នកណាដែលថ្លែងប្រាប់ពីការទាំងនេះឬ អ្នក១នោះដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ គេនឹងសំរេចដល់ក្រុងបាប៊ីឡូន តាមបំណងព្រះហឫទ័យទ្រង់ ដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ
15. អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង
16. ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ឲ្យមក។
17. ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ
18. ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ
19. ឯពូជពង្សឯងក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីឯងមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខអញឡើយ។
20. ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ
21. គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក