1. ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ
2. (ពីព្រោះគេហៅខ្លួន ជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះនាមទ្រង់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ)
3. ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះអញបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ អើ សេចក្ដីនោះបានចេញពីមាត់អញទៅ ហើយអញបានសំដែងច្បាស់ ឯការទាំងនោះ អញបានធ្វើភ្លាម១រំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ
4. ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន
5. ហេតុនោះបានជាអញថ្លែងប្រាប់សេចក្ដីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង
6. ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង
7. ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ
8. អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមកត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក
9. ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ និងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
10. មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ