3. អញនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
4. អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ និងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ
5. អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ
6. ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ
7. គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8. ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា ឯអញ គឺយេហូវ៉ា អញបានបង្កើតសេចក្ដីនោះឡើង។
9. វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី
10. វេទនាដល់អ្នកណា ដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ ឬដល់ម្តាយខ្លួនថា តើបានសំរាលអ្វីមកយ៉ាងនេះ។
11. ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង
12. អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ
13. អញបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត អញនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់អញឡើង ហើយនឹងលែងពួកបំបរបង់របស់អញឲ្យវិលមកវិញ មិនមែនដោយទទួលថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ
15. ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ
16. ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា