អេសាយ 44:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សំដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត និង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ

8. កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។

9. ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស

10. តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ

11. មើល ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។

12. ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ

13. ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ

14. គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង

15. ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សំរាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង អើ ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង អើ ក៏​ធ្វើ​ព្រះ​១​ឡើង រួច​ក្រាប​ថ្វាយ‌បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ

16. ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ

17. ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សំរាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។

18. ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន

19. គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង​ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី

20. អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

អេសាយ 44