1. ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយពួកអ៊ីស្រាអែល ដែលអញបានជ្រើសរើសអើយ ចូរស្តាប់ឥឡូវចុះ
2. ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
3. ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង
4. នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក
5. អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6. ព្រះយេហូវ៉ាដ៏ ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ
7. តើមានអ្នកណាដូចអញ ចូរឲ្យគេប្រកាសខ្លួនមក ហើយសំដែងភស្តុតាងឲ្យច្បាស់ចុះ រួចរាប់រៀបប្រាប់ឲ្យអញស្តាប់ពីអ្វីៗដែលបានកើតឡើង តាំងតែពីអញបានតាំងមនុស្សឡើង ពីកាលដើមព្រមទាំងអ្វីៗដែលកំពុងតែកើត និងអ្វីៗដែលត្រូវកើតមកទៅមុខទៀត ចូរឲ្យគេប្រាប់មកចុះ
8. កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
9. ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស
10. តើអ្នកណានឹងសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ
11. មើល ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
12. ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ
13. ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ
14. គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង
15. ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ