1. ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ
2. កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ
3. ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសឯងផង
4. អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង
5. កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច
6. អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ
7. គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។
8. ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក និងមនុស្សថ្លង់ដែលមានត្រចៀកចេញមក
9. ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសំដែង ឲ្យយើងដឹងពីដំណើរ ដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ