5. កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត
6. គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង
7. ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។
8. តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង
9. គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ
10. កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
11. មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ
12. ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង
13. ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង
14. ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង
15. មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកំទេច ហើយនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង
16. ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។
17. ពួកក្រីក្រ និងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
18. អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
19. អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនឹងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់
20. ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានព្រះបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ
22. ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ