11. មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ
12. ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង
13. ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង
14. ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង
15. មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកំទេច ហើយនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង
16. ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។
17. ពួកក្រីក្រ និងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
18. អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
19. អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនឹងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់
20. ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានព្រះបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ
22. ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ
23. ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា
24. មើល ឯងរាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់ឯងរាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកឯងរាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
25. អញបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវដល់ឈ្មោះអញពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ
26. តើអ្នកណាបានសំដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសំដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ