18. ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបទ្រង់នឹងភាពអ្វី
19. ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង
20. ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១តម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ
21. តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកីយ៍រៀងមកទេឬអី
22. គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ
23. ទ្រង់ទំលាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
24. អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង អើ ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ទ្រង់នឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង
25. ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ
26. ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
27. ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ
28. តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ
29. ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ
30. ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង
31. តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។