អេសាយ 40:17-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

18. ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី

19. ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង

20. ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​ឲ្យ​មក​ឆ្លាក់​ធ្វើ​រូប​១​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ

21. តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​ទេ​ឬ​អី

22. គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ

23. ទ្រង់​ទំលាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ

24. អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង អើ ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ ទ្រង់​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង

25. ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ

26. ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

27. ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​ឯង​បាន​រំលង​ផុត​ពី​ព្រះ​នៃ​ឯង​ដូច្នេះ

28. តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ

29. ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ

30. ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង

31. តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។

អេសាយ 40