14. តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់
15. មើល អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលីនៅលើថាសជញ្ជីងដែរ មើល ទ្រង់លើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច
16. ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះក៏មិនល្មមនឹងធ្វើជាដង្វាយដុតផង
17. អស់ទាំងសាសន៍រាប់ដូចជាទទេសោះនៅចំពោះទ្រង់ ទ្រង់រាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។
18. ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបទ្រង់នឹងភាពអ្វី
19. ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង
20. ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១តម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ
21. តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកីយ៍រៀងមកទេឬអី
22. គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ
23. ទ្រង់ទំលាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
24. អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង អើ ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ទ្រង់នឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង
25. ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ
26. ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។