1. ព្រះនៃឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ
2. ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ។
3. មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ
4. ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ
5. នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
6. មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល
7. ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ
8. ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។
9. ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៍ ព្រះនៃអ្នករាល់គ្នា
10. មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់
11. ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។