7. មើល អញនឹងបណ្តាលគំនិតវា ឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8. ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ
9. ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា
10. ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគាជាស្តេចយូដាដូច្នេះ កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរ នោះឡើយ
11. មើលឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះតើឯងនឹងបានរួចឬ
12. ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកព្ធយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13. តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14. ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់
15. ហេសេគាទ្រង់ក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
16. ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ និងផែនដី
17. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានចាត់គេមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ
18. ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងប្រទេស និងស្រុករបស់គេជាប្រាកដមែន