អេសាយ 37:20-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទេ។

21. គ្រា​នោះ​អេសាយ​ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ហេសេគា ទូល​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប​ជា​ស្តេច​សាសន៍​អាស‌ស៊ើរ

22. បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង​ហើយ

23. តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ

24. ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

25. អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។

26. តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក

27. ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កំឡាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី គឺ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រែ​ពេញ​ដោយ​ស្រូវ​ដែល​មិន​ទាន់​ចាស់

28. អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្ដី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ

29. ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។

30. ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ

31. ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ

32. ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។

33. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ស្តេច​អាស‌ស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ

34. គឺ​គេ​នឹង​វិល​ទៅ​វិញ តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

35. ដ្បិត​អញ​នឹង​ការ‌ពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង។

អេសាយ 37