10. ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគាជាស្តេចយូដាដូច្នេះ កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរ នោះឡើយ
11. មើលឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះតើឯងនឹងបានរួចឬ
12. ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកព្ធយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13. តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14. ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់
15. ហេសេគាទ្រង់ក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
16. ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ និងផែនដី
17. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានចាត់គេមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ
18. ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងប្រទេស និងស្រុករបស់គេជាប្រាកដមែន
19. ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើ និងពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
20. ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ។
21. គ្រានោះអេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯហេសេគា ទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីបជាស្តេចសាសន៍អាសស៊ើរ
22. បានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯងហើយ
23. តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
24. ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ