12. តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ។
13. នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំ គឺស្តេចអាសស៊ើរចុះ
14. ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាមិនអាចនឹងជួយ ឲ្យឯងរាល់គ្នារួចបានទេ
15. ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
16. កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះនឹងបានស៊ីផលចំការទំពាំងបាយជូរ និងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
17. ដរាបដល់អញមកនាំឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងរាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចំការទំពាំងបាយជូរផង
18. ចូរប្រយ័ត្នក្រែងហេសេគាបបួលឯងរាល់គ្នា ដោយពាក្យថា ព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យរួចជាមិនខាន តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
19. តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា តើព្រះទាំងនោះជួយពួកសាម៉ារី ឲ្យរួចពីកណ្តាប់ដៃអញបានឬ
20. ក្នុងបណ្តាព្រះទាំងប៉ុន្មាននោះ តើមានព្រះណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យក្រុងយេរូសាឡិម រួចពីកណ្តាប់ដៃអញបានដែរ។
21. ប៉ុន្តែ គេនៅតែស្ងៀម ឥតឆ្លើយដល់លោក សូម្បីតែ១ម៉ាត់ផង ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ