អេសាយ 36:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

2. រួច​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចំការ​ជាង​ប្រមោក

3. នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា​ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា​កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ ក៏​ចេញ​ទៅ​ឯ​លោក។

4. រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

5. អញ​ថា គំនិត​របស់​ឯង និង​កំឡាំង​សំរាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

6. មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

7. តែ​បើ​ឯង​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​វិញ

8. ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

9. បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅ‌ហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចំបាំង និង​ទ័ព​សេះ​ទៀត

10. តើ​អញ​បាន​ឡើង​មក​ច្បាំង​បំផ្លាញ​ស្រុក​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

11. ឯ​អេលា‌គីម សេបណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

12. តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ។

13. នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​អាស‌ស៊ើរ​ចុះ

អេសាយ 36