1. ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប
2. គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរ និងបទចំរៀងផង គេនឹងលើកសេចក្ដីសរសើរពីលំអនៃព្រៃល្បាណូនផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
3. ចូរចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង
4. ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
5. គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន
6. គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ
7. ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង
8. ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ»ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ