1. ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ៍ និងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង
2. ពីព្រោះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់
3. ខ្មោចរបស់គេដែលត្រូវសំឡាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ
4. ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
5. ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដំម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត
6. ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម
7. ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។
8. ដ្បិតព្រះយេហូវ៉ា ទ្រង់មានថ្ងៃសំរាប់សងសឹក មានឆ្នាំសំរាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន
9. ជ្រោះទឹកនៅស្រុកអេដំមនឹងត្រឡប់ជាជ័រ ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ ហើយស្រុកគេនឹងមានពេញជាជ័រឆេះ
10. ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ
11. តែទុង និងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ