9. ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងក្រោកឡើង ឥឡូវនេះ អញនឹងលើកខ្លួនឡើង ឥឡូវនេះ អញនឹងបានដំកើងឡើងហើយ
11. ឯងរាល់គ្នានឹងមានគភ៌ជាស្មៅក្រៀម ហើយនឹងបង្កើតបានជាជញ្ជ្រាំងវិញ ខ្យល់ដង្ហើមរបស់ឯងរាល់គ្នាជាភ្លើងដែលនឹងឆេះបំផ្លាញខ្លួន
12. ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។
13. ឱឯងរាល់គ្នាដែលនៅឆ្ងាយអើយ ចូរស្តាប់ពីការដែលអញបានធ្វើ ហើយឯងរាល់គ្នាដែលនៅជិតដែរ ចូរទទួលស្គាល់ឫទ្ធិរបស់អញចុះ
14. ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះភ្លើងដ៏ឆេះបន្សុសនេះបាន ក្នុងពួកយើងតើមានអ្នកណាអាចនឹងនៅចំពោះការ ដ៏ឆេះនៅអស់កល្បជានិច្ចបាន
15. គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កំរៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកំចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង
16. អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ។
17. ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្ដីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត
18. ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា
19. ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន
20. ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកឯងនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅ ដ៏ស្ងប់រំងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចំរ៉ឹង មិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង
21. គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ និងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ