1. វេទនាដល់ឯងដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញឯង ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងឯងឡើយ កាលណាឯងបានលែងបំផ្លាញហើយ នោះឯងនឹងត្រូវបំផ្លាញវិញ កាលណាឯងបានសំរេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងឯងដែរ។
2. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំទ្រង់ សូមទ្រង់ការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ
3. អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយទ្រង់លើកអង្គទ្រង់ឡើង
4. របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ
5. ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
6. នឹងមានសេចក្ដីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្ដីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។
7. មើលពួកទាហានស្ទាត់ជំនាញរបស់គេក៏ស្រែកនៅខាងក្រៅហើយ ឯពួករាជទូតដែលសូមមេត្រីភាព គេយំអណ្តឺតអណ្តក
8. ថ្នល់ទាំងប៉ុន្មាននៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សដើរដំណើរទៀតឡើយ ពួកខ្មាំងសត្រូវគេបានផ្តាច់សេចក្ដីសញ្ញាហើយ គេបានមើលងាយដល់អស់ទាំងទីក្រុង ហើយមិនយោគយល់ដល់អ្នកណាឡើយ
9. ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងក្រោកឡើង ឥឡូវនេះ អញនឹងលើកខ្លួនឡើង ឥឡូវនេះ អញនឹងបានដំកើងឡើងហើយ
11. ឯងរាល់គ្នានឹងមានគភ៌ជាស្មៅក្រៀម ហើយនឹងបង្កើតបានជាជញ្ជ្រាំងវិញ ខ្យល់ដង្ហើមរបស់ឯងរាល់គ្នាជាភ្លើងដែលនឹងឆេះបំផ្លាញខ្លួន