អេសាយ 33:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. វេទនា​ដល់​ឯង​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​ឯង ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​ឯង​ឡើយ កាល​ណា​ឯង​បាន​លែង​បំផ្លាញ​ហើយ នោះ​ឯង​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​ឯង​បាន​សំរេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​ឯង​ដែរ។

2. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ

3. អស់​ទាំង​ជន‌ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ទ្រង់​លើក​អង្គ​ទ្រង់​ឡើង

4. របឹប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ប្រមូល​ទុក ដូច​ជា​ចង្រិត​ប្រមូល​ទុក ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ

5. ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ទ្រង់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

6. នឹង​មាន​សេចក្ដី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្ដី​សង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង។

7. មើល​ពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជ‌ទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្តឺត‌អណ្តក

8. ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ

9. ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កំឡាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជំរុះ​ស្លឹក​ចុះ

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​ដំកើង​ឡើង​ហើយ

អេសាយ 33