3. ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រិលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
4. ចិត្តរបស់ពួករួសរាន់នឹងមានដំរិះ ហើយអណ្តាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ
5. គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សទ្រឹស្តិស្មូរថាជាមានគុណឡើយ
6. ដ្បិតមនុស្សល្ងីល្ងើនឹងបញ្ចេញតែសេចក្ដីចំកួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសំរេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លាន បានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេកចេញ
7. គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង
8. តែឯអ្នកមានចិត្តសទ្ធាវិញ គេគិតគូរការជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះឯង។
9. ឱពួកស្រីៗ ដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ
10. ឱអ្នករាល់គ្នាដែលនៅព្រងើយដូច្នេះអើយ នៅ១ឆ្នាំប៉ុន្មានថ្ងៃទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ